សហគមន៍នេះមានទីតាំងស្ថិតនៅក្នុងដែនរដ្ឋបាលភូមិបង្កើនផល ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ពាក្យសហគមន៍នៅទីនេះរាប់បញ្ចូលទាំង មនុស្ស ភូមិស្ថានមនុស្ស និងព្រៃស្រោងធំ។ ដោយហេតុនេះហើយទើបគេចាត់ចូលជាប្រភេទអេកូទេសចរណ៍ គឺថាមានទាំងវប្បធម៌អ្នកស្រុក និងព្រៃធម្មជាតិដែលដុះឯកឯងគ្មានសណ្តាប់។ ឈ្មោះជាំពេនដូច្នេះនាំឲ្យយល់បានថា ទីព្រៃនេះមានទឹកជាំដក់ខួបប្រាំងវស្សា ហើយហូរពត់ពេនផងនាខែវស្សា។ ជាទូទៅពាក្យជាំ ហៅសំដៅដល់ធាទឹកធម្មជាតិ ដែលមានទឹកដក់មិនចេះរីងហើយអាចហូរហៀរពេលមានភ្លៀងធ្លាក់ក្នុងខែវស្សា។ ព្រៃក្នុងតំបន់នេះ ចូលជាសម្បត្តិរបស់សហគមន៍គ្រប់គ្រងតាំងពីឆ្នាំ២០១០ ក្រោមឈ្មោះថា តំបន់ការពារធនធានធម្មជាតិជាំពេន ដែលមានផ្ទៃដីព្រៃសរុប៣៤២៤ហិចតា។ ការធានាការពារព្រៃឈើឲ្យបានគង់វង្ស សហគមន៍បានបង្កើតក្រុមការងារឈ្មោះថា គណៈកម្មការការពារព្រៃឈើជាំពេន និង យុវជនសហគមន៍ជាំពេន បំណងលើកតម្លៃវប្បធម៌អ្នកស្រុក និងការពារបរិស្ថានធម្មជាតិព្រៃឈើ តាមរយៈសកម្មភាព ដើរល្បាតការពារព្រៃ និងសម្របសម្រួលទទួលភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តសប្បាយ ក្នុងគម្រោងអេកូទេសចរណ៍ជាំពេន។ សហគមន៍បានបង្កើតសេវាកម្មទទួលភ្ញៀវ ដោយភ្ជាប់គ្នារវាងវប្បធម៌អ្នកស្រុក និងការដើរកំសាន្តក្នុងព្រៃ រួមមាន ស្នាក់នៅក្នុងផ្ទះរបស់អ្នកស្រុក ហូបម្ហូបប្រចាំតំបន់ ទស្សនាភ្នំដែក ទស្សនាទួលស្លដែករបស់ជនជាតិកួយ ដើរព្រៃស្តាប់សម្លេងសត្វយំ យល់ដឹងពីរុក្ខជាតិដែលអាចហូបបាននិងថ្នាំកែរោគនានា មុជទឹកជាំ បោះតង់ក្នុងព្រៃមើលផ្កាយពេលយប់ ដេកហាលថ្ងៃពេលព្រឹកព្រលឹមក្នុងព្រៃក្បែរមាត់ទឹក រត់និងហាត់ប្រាណជុំវិញបឹង និងមើលរូបចម្លាក់ថ្មបុរាណផងដែរ។ អ្នកស្រុកក្នុងតំបន់នេះជាជនជាតិកួយ ដែលរស់នៅចុះដំណរមកពីដូនតាដែលចេះស្លដែកយ៉ាងជំនាញ។ នៅទួលស្លដែក អ្នកចូលរួមអាចស្តាប់ការរៀបរាប់អំពីរបៀបស្លដែក និងជំនឿរបស់ជនជាតិកួយកាលជំនាន់មុន ដែលអ្នកភូមិនិយាយតៗគ្នាមកទល់សព្វថ្ងៃ។ ចំនែកនៅក្នុងព្រៃ គេអាចរៀនសូត្រយល់ដឹងពីប្រយោជន៍នៃរុក្ខជាតិក្នុងព្រៃ ដែលមនុស្សអាចយកមកប្រើប្រាស់ដ៏សម្បូណ៌បែបជាតម្រូវការប្រចាំថ្ងៃ ទាំងហូបទាំងថ្នាំកែរោគ ផលិតឧបករណ៍ប្រើប្រាស់ច្រើនយ៉ាងផង។ គេក៏អាចយល់ដឹងអំពី ទំនៀមរបស់ព្រាន ការដាក់អន្ទាក់សត្វព្រៃ និងការយកឃ្មុំតាមបែបប្រពៃណីរបស់អ្នកស្រុក។ សកម្មភាពរបស់មនុស្សទៅប្រាស្រ័យអនុផលពីព្រៃ បង្កើតជាវប្បធម៌ប្រចាំតំបន់របស់អ្នកស្រុក។ នេះហើយជាលក្ខណៈពិសេសរបស់សហគមន៍អេកូទេសចរណ៍ជាំពេន។ រដូវវស្សាប្តូរវែនគ្នានឹងរដូវប្រាំង បង្កើតជាទស្សនីយភាពធម្មជាតិ និងវប្បធម៌ផ្សេងគ្នាផងដែរ។ ឈើព្រៃហូបផ្លែខ្លះគេអាចបេះក្នុងកំលុងរដូវប្រាំង ឯផ្សិតវិញដុះក្នុងដើមរដូវវស្សាភ្លៀងធ្លាក់។ ចំនែកអ្នកស្រុកច្រឹងដាំស្រូវដាំល្ង និងធ្វើស្រូវស្រែ ហើយច្រូតកាត់យកដៃគ្នាតាមរដូវកាលជាធម្មតា។ គេអាចមើលពិធីបុណ្យនានា របស់អ្នកស្រុកមានជាហូរហែចាប់ពីច្រូតស្រូវចប់ រហូតដល់ដើមខែវស្សាធ្វើស្រែចំការវិញ។ ការបង្កើតសហគមន៍អេកូទេចរណ៍នេះឡើង បានរួមចំនែកជួយលើកស្ទួយសេដ្ឋកិច្ចជីវភាពអ្នកស្រុក និងប្តូរឥរិយាបទរួមទាំងការគិតរបស់អ្នកស្រុកពីការកាប់ឈើលក់ជាចំណូល បែរមកទទួលផលពីវិស័យអេកូទេសចរណ៍ ប្រកបដោយនិរន្តភាពទាំងផ្នែក វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថាន។
ជារៀងរាល់ឆ្នាំតែងតែមានក្រុនិសិទ្យដែលមកពីប្រទេសជប៉ុនពួគេមកទន្សានិងស្វែងយល់ពីការរសនៅរបស់បងប្អូនជនជាតិ
ដោសារការមើលឃើញនូវការរីចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាដូចឆ្នេះពួយើងចង់ឲ្យប្ដូនៗដែរជាអ្នកបន្តវេនរបស់សហគមន...
បន្ទាប់ពីដើរមើទេសភាពនៅក្នុងសហគមន៍យើងរួចមក ក្រុមទេសចរណ៍បានចូររួបញុំអាហាពេលថ្ងៃតាមបែបសហគមន៍របស់បងប្អូន...