ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយភាគច្រើនជាកសិករ ដែលប្រកបរបរកសិកម្ម និងអាស្រ័យផលពីអនុផលព្រៃឈើ។ មុខរបរកសិកម្មប្រពៃណីមានដូចជា ចំការវិលជុំ ឬចំការពនេរចរ ដែលមានការដាំដុះស្រូវចំការ ដំឡូង ពោត សណ្ដែក ល្ង ត្រប់ ល្ពៅ និងបន្លែចំរុះជាច្រើនក្នុងចំការតែមួយ។ ចំណែកឯមុខរបរអាស្រ័យព្រៃ មានដូចជា រកជ័រ បោចផ្ដៅល្ពាក់ រកសត្វ នេសាទ បេះផ្សិត បន្លែផ្លែឈើព្រៃ និងសិប្បកម្មតំបាញជាដើម។ ព្រៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ និងសេដ្ឋកិច្ចរបស់បងប្អូនជនជាតិដើមកួយ។ បច្ចុប្បន្នមិនមានសហគមន៍ជនជាតិដើមភាគតិចកួយច្រើនទេដែលនៅសេសសល់ព្រៃសម្រាប់ធ្វើចំការបែប្រពៃណីរបស់គាត់។ ការបាត់បង់ព្រៃ គឺជាកត្តាផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចកួយយ៉ាងសំខាន់បំផុត ហើយសហគមន៍ ត្រូវសម្របនឹងបរិបទសង្គមបែបថ្មី ត្រូវស្វែងរកការងារដើម្បីប្រករបរចិញ្ចឹមជីវិត និងធ្វើកសិកម្មបែបថ្មីដែលខុសពីការអនុវត្តកសិកម្មបែបប្រពៃណី។ គម្រោងលើកកំពស់សេដ្ឋកិច្ចសហគមន៍តាមរយៈការផ្ដល់នូវមូនិធិទៅកាន់សហគមន៍ជនជាតិដើមភាគតិចកួយ នឹងជួយបង្កើតការងារដល់យុវជន និងប្រជាជននៅក្នុងសហគមន៍។ ការបរិច្ចាករបស់អ្នក ប្រៀបបីដូចជាការវិនិយោគទៅកាន់សហគមន៍ ដែលនឹងជះផលទៅកាន់កសិករ សហគ្រិនសហគមន៍ ប្រជាពលដ្ឋក្នុងសហគមន៍ជនជាតិដើមភាគតិចកួយ។ ប្រាក់បរិច្ចាក នឹងក្លាយជាមូនិធិសហគមន៍ដែលនឹងជួយគាំទ្រកសិករ ទៅលើអាជីវកម្មមួយចំនួនដូចជា៖ ការចិញ្ចឹមមាន់ ការដាំដំណាំ ការចិញ្ចឹមចង្រិត និងការកែច្នៃកសិផលសហគមន៍ទៅជាផលិតផលសម្រេចថ្មីៗ។