កាប៊ីពោត

ធ្នូ 03, 2023


កាប៊ីពោតគឺជាឈ្មោះមុខម្ហូបមួយប្រភេទ ដែលខ្ញុំបានឃើញគ្រួសារមួយក្នុងខេត្តកំពង់ធំចម្អិនហូបជាមួយបាយ។ គ្រួសារនោះទៀតសោត ជាជនជាតិកួយរស់នៅក្នុងភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។ បើតាមការរៀបរាប់របស់អ្នកចម្អិនប្រាប់ឲ្យដឹងថា នេះជាមុខម្ហូបមួយក្នុងចំនោមម្ហូបប្រពៃណីដទៃទៀត ដែលជាម្ហូបពេញនិយមក្នុងគ្រួសារជនជាតិកួយនាតំបន់នេះ។ ពាក្យកាប៊ីនេះជាភាសាកួយ ហើយខ្ញុំព្យាយាមសរសេរតាមសំនៀងនិយាយ ដែលមានន័យជាខ្មែរថាបង្អួល។ ខ្មែរដែលរស់នៅក្បែរតំបន់នេះ និងស្គាល់ហៅម្ហូបនេះថា បង្អួលពោត។ បង្អួលជាម្សៅផង់ដែលបានពីការបុកពោត ឬ អង្ករ ក្នុងត្បាល់ ហើយរែងយកតែលម្អងម៉ត់ផង់។ ហៅបង្អួលដូច្នេះដោយសារម្សៅនោះងាយនឹងអួលបើលេបចូលក្នុងបំពង់ក ធៀបដូចជានំកន្ទក់ជាដើម។ អង្ករដែលគេលិញរួចហើយបុក និងរែងយកផង់ក៏គេហៅថាបង្អួលដូច្នេះដែរ (ខ្មែរច្រើនហៅអង្ករលិញ)។ តទៅនេះខ្ញុំនឹងពណ៌នាអំពីគ្រឿងផ្សំ វិធីធ្វើ និងរបៀបហូបម្ហូបឈ្មោះថា កាប៊ីពោត ដោយមានរូបថតបង្ហាញផង។ ខ្ញុំសូមប្រើពាក្យបង្អួល ក្នុងសំណេរខាងក្រោម ដើម្បីងាយយល់។ ជាតំបូងគេទៅកាច់ពោតទុំពីក្នុងចម្ការ យកមកហាលថ្ងៃឲ្យស្ងួត រួចទើបប្រឡេះគ្រាប់ចេញពីស្នូល។ គ្រាប់ពោតនោះគេយកទៅដាក់ក្នុងខ្ទះក្តៅលើជើងក្រានភ្លើង ដើម្បីលិញឲ្យឆ្អិន និងបានក្លិនឈ្ងុយផង ។ គេបុកគ្រាប់ពោតលិញរួចថ្មីៗនៅក្នុងត្បាល់ ឲ្យបានជាផង់ម្សៅហៅថា បង្អួល។ គេត្រូវបុកគ្រាប់ពោតដែលនៅក្តៅទើបលើកចុះពីខ្ទះ ត្បិតអីវាស្រួយងាយបំបែក។ គេដួសបង្អួលពោតទុកមួយអន្លើសិន ហើយការងារបន្ទាប់ទៀតគឺរៀបចំទឹកប្រហុក។ គេចាក់ទឹកក្នុងឆ្នាំង រួមទាំងដាក់គ្រឿងគ្រៅខ្លះៗមាន ប្រហុក អំបិល ញីស្លឹកគ្រៃបង់។ ដល់កាលណាទឹកក្នុងឆ្នាំងពុះ គេបង់សាច់ត្រីអាំងដែលបេះរួច រួមទាំងជ្រុំម្ជូរស្លឹកទ្រមូងយកតែជាតិជូរ (ស្លឹកម្ជូរនេះគេខ្ចប់ស្លឹកចេកអាំងឲ្យទន់ផុយសិន មុនប្រើជាម្ជូរ) និងបង់ផ្លែម្ទេស។ ពេលទឹកប្រហុកពុះឆ្អិនជាសុរេចហើយ ទើបគេលើកចុះពី​​​ជើងក្រានទុកឲ្យត្រជាក់។ ដល់វេលាហូបបាយ ទើបគេចាក់ទឹកប្រហុកទៅក្នុងចាន រួចដួសបង្អួលពោតដាក់ចូលកូរឲ្យសព្វគ្នាជាល្បាយខាប់។​ ដោយសារបង្អួលពោតងាយនឹងរីកពេលត្រូវទឹកប្រហុក ដូច្នេះទៅទើបគេដួសបង្អួលពោតលាយទឹកប្រហុកចូលគ្នាក្នុងបរិមាណសមល្មមហូបឆ្អែត។ បើត្រូវថែម ឬត្រូវហូប ទើបគេដួសមកលាយច្របល់ចូលគ្នា។ បង្អួលពោតត្រូវគ្នានឹងអន្លក់ពពួករុក្ខជាតិដុះឯកឯងតាមទឹកអូររាក់ៗដូចជា ស្លាបច្រវា (ខ្លះហៅថាស្លាតោក) សៃរាយ ច្រវាទូក រំសាយសក់ ច្រាច់ ជាដើម ។ អន្លក់ដុះក្នុងទឹកទាំងនេះ ហូបទៅមានរសជាតិសាប ដែលធ្វើឲ្យបង្អួលពោតនៅរក្សារសជាតិដើម និងកាន់តែលើករសជាតិមួយកម្រិត។ នៅពេលហូប គេចាប់យកអន្លក់មួយមុខម្តងៗជ្រលក់ទៅក្នុងបង្អួលពោតឲ្យដិតជាប់មកតាមអន្លក់។ ត្រង់នេះហើយទើបគេលាយបង្អួលពោតនិងទឹកប្រហុកមិនរាវមិនខាប់ពេក ល្មមអាចដោយមកតាមអន្លក់។ កាប៊ីពោត ឬ បង្អួលពោត ជាម្ហូបពេញមុខមួយ ធ្វើហូបជាមួយបាយ។ អត្ថបទដោយ៖ អាន រស្មី

ចំណាប់អារម្មណ៍របស់អ្នក

សូមបង្ហាញចំណាប់អារម្មណ៍របស់អ្នកបន្ទាប់ពីអានអត្ថបទខាងក្រោម


kuipedia-logo

Kuipedia

អំពីយើង

Phumasia, Achar Leak Commune, Krong Stueng Sean, Kampong Thom

+2342 5446 67

អ្នកជួយជ្រំុជ្រែង

© រក្សាសិទ្ធិ ២០២៣ Kuipedia - រក្សា​រ​សិទ្ធ​គ្រប់យ៉ាង