មនុស្សរស់នៅភ្ជាប់ខ្លួនទៅនឹងបរិស្ថានជុំវិញភូមិស្រុករបស់ខ្លួនខ្លាំងណាស់។ ហេតុដូច្នេះហើយបានជាការរស់នៅរបស់ក្រុមមនុស្សតែងផ្សេងៗគ្នា អាស្រ័យទៅនឹងបរិស្ថានផ្សេងៗគ្នាដែរ។ ឧទាហរណ៍ថា អ្នកទន្លេច្បាស់ជាមានរបៀបរស់នៅផ្សេងខុសពីអ្នកដែលរស់នៅជាប់តំបន់ព្រៃ។ កាលបរិស្ថានមិនទាន់ប្រែប្រួលខ្លាំងដូចសព្វថ្ងៃ ភូមិស្ថានអ្នកស្រុកភាគច្រើន ព័ទ្ធជុំវិញដោយដីចំការ ដែលកើតចេញពីការកាប់គាស់ព្រៃ ដុតសម្អាត ដើម្បីដាំ ស្រូវ ល្ង សណ្តែក ត្រសក់ ត្រប់ ពោត ដំឡូង ននោង ម្ទេស និងបន្លែផ្សេងៗទៀតជាតម្រូវការហូបចុកប្រចាំថ្ងៃ។ នៅដីភូមិស្ថានមានដាំពពួកបន្លែស្រុកទូទៅដូចជា ចេក ល្ហុង ខ្នុរ ស្វាយ អំពិល ក្រសាំង ស្លឹកគ្រៃ រំដេង ខ្ជាយ រមៀត ជី។ល។ បើនៅតំបន់ក្បែរព្រៃផង មានពពួករុក្ខជាតិសម្បូណ៌បែប ដូចជាផ្សិត ដើមសោម ដើមផ្អាវ ទំពាំង ម្ជូរស្លឹកទ្រមូង ត្រួយស្មាច់ ត្រួយរុក្ខជាតិនានាជាអន្លក់ហូបជាដើម និងពពួកសត្វព្រៃជាសាច់។ បរិស្ថានជុំវិញដូច្នេះទៅ អាចឲ្យមនុស្សទាញប្រយោជន៍នានា យកមកប្រើប្រាស់តាមតម្រូវការ ក្នុងការរស់នៅប្រចាំថ្ងៃ ដែលនេះជះឥទ្ធិពលទៅលើការរស់នៅ មានជាអាទិ៍ទៅលើ ម្ហូបអាហារ ឧបករណ៍ប្រើប្រាស់ ការដើរព្រៃ វិធីដាក់អន្ទាក់សត្វព្រៃ ថ្នាំសង្កូវកែរោគ ឈើសង់ផ្ទះ ចំណេះអំពីការធ្វើកសិកម្ម ជំនឿនានាផង ហើយទាំងនេះដែលយើងហៅថា វប្បធម៌។ មកដល់ទីនេះខ្ញុំសូមបង្ហាញនូវការសង្កេតពី របៀបធ្វើម្ហូបមួយមុខយ៉ាងសាមញ ដែលមិនត្រូវការគ្រឿងគ្រៅអ្វីច្រើន ដោយមនុស្សមួយក្រុម នាំគ្នាធ្វើហូបបាយថ្ងៃត្រង់ កំលុងពេលមកមើលថែទាំចំការដំឡូង ដែលនៅឆ្ងាយពីភូមិមួយ ស្ថិតក្នុងខេត្តកំពង់ធំ។ អ្វីដែលចាំបាច់រៀបចំយកមកពីផ្ទះនោះមិនមានអ្វីធំដុំឡើយ ក្នុងនោះមានប្រហុក អំបិល និងម្ជូរក្រសាំង (នេះដោយសារ រដូវមានផ្លែក្រសាំង ហើយផ្ទះគាត់មានដើមក្រសាំងស្រាប់ ប៉ុន្តែជាធម្មតាគេអាងតែទៅលើម្ជូរស្លឹកទ្រមូង ដែលមានដុះគ្រប់រដូវកាលស្រាប់នៅក្បែរៗចំការ)។
គ្រលុកចុងសោម។ ក្រោយពីធ្វើការក្នុងចំការពេញមួយព្រឹក បុរសម្ចាស់ចំការកាន់ផ្គាក់ ដើរសំដៅទីដុបព្រៃនៅមិនឆ្ងាយពីចំការ ដើម្បីសម្លឹងរកមើលដើមសោម កាប់យកមកធ្វើម្ហូប។ ដើមនេះសម្បូណ៌ដុះនៅទីដែលមានជាំទឹកសើម ឬក្បែរអូរ។ ដើមវាមានបន្លាស្រួចច្រូងច្រាងពីគល់ដល់ចុង ហេតុនេះហើយគេប្រើផ្គាក់ ឬកាំបិតកាប់ដើម និងសកសម្បកដែលមានជាប់បន្លានោះចេញ។ ឃើញថាកាប់ដើមនោះទាំងមូលពិតមែន ប៉ុន្តែផ្នែកដែលផុយខ្ចីអាចហូបបាន ជាបណ្តូលនៅចុងដើម។ ដូច្នេះហើយបានជាគេហៅថា ចុងសោម ហើយផ្តល់ឈ្មោះដល់ម្ហូបនោះផង។
របៀបធ្វើ ៖ គេយកចុងសោម ដែលកាប់បានទាំងនោះមកដុតលើភ្លើង(ជាទូទៅគេត្រូវការ១៥ទៅ២០ដើម ដើម្បីបានមួយត្បាល់ពេញ ព្រោះថាបណ្តូលចុងបានតិចណាស់ក្នុងមួយដើមៗ)។ នៅពេលចុងសោមនោះប្រេះ និងមានពពុះទឹកហៀរចេញមកក្រៅផង គេយល់ថាសោមនោះឆ្អិនផុយល្អដល់បណ្តូល។ បន្ទាប់មកគេបកសម្បកខាងក្រៅដែលឆេះខ្មៅនោះចេញ យកតែបណ្តូលទុកមួយអន្លើ។ នៅក្បែររងើកភ្លើងគេអាំងប្រហុកខ្ចប់ស្លឹកត្បែងកៀបនឹងតម្បុតឈើ ឲ្យឆ្អិនឈ្ងុយ។ ប្រហុកនោះគេចិញ្ចាំផងមុនខ្ចប់អាំង។ ម្ជូរពេលនេះគេប្រើក្រសាំង ដូចបានប្រាប់ពីខាងលើស្រាប់ បើជាម្ជូរស្លឹកទ្រមូងវិញក៏ត្រូវខ្ចប់អាំងដូចប្រហុកដែរ។ នៅពេលរៀបរយអស់ហើយ គេបុកអំបិល ម្ទេស ម្ជូរក្រសាំង ប្រហុកអាំង រួចដាក់បណ្តូលចុងសោមដែលដុតឆ្អិន ឲ្យជុំគ្នាបុកក្នុងត្បាល់តែមួយចូលជាតិសព្វគ្រប់ (ត្រង់នេះគួរបញ្ជាក់បន្តិចផងដែរថា ម្ហូបអ្នកស្រុកកម្រដាក់ស្ករណាស់ លើកលែងម្ហូបខ្លះៗចេញមានខជាដើម ហើយបើនិយាយអំពីប៊ីចេង ពេញនិយមមិនអាចខ្វះបាន ទើបតែក្នុងសម័យដែលគេនាំចូលមកលក់ក្នុងស្រុកខ្មែរ)។ គ្រឿងគ្រៅក្នុងត្បាល់នោះ គេមិនបុកឲ្យម៉ត់ទេ គឺគ្រាន់តែជ្រុំៗឲ្យចូលជាតិគ្នា ព្រោះថាចុងសោមដុតនោះផុយទន់ជាស្រេច។ ត្រង់នេះហើយដែលគេហៅថា គ្រលុក ខុសពីហៅថា បុក ថ្វីត្បិតតែវត្ថុដាក់ក្នុងត្បាល់ដូចគ្នា។ របស់ដែលត្រូវគ្រលុក ច្រើនតែស្ងោរ ឬដុតឲ្យទន់ផុយសិន មុននឹងដាក់ក្នុងត្បាល់។ ជាទូទៅគ្រលុកចុងសោមនេះ មានរសជាតិហឹរខ្លាំង។ ម្ហូបនេះឥតត្រូវការអន្លក់អ្វីទៀតមកអែបទេ គឺជាម្ហូបពេញមុខមួយ សម្រាប់ទទួលទានជាមួយបាយ។ ប្រការដែលលើកមកបង្ហាញនេះ ចង់ឲ្យឃើញថា បើគេចាត់ម្ហូបជាផ្នែកមួយនៃវប្បធម៌ នោះច្បាស់ណាស់ថា បរិស្ថានដែលមនុស្សស្គាល់ប្រស្រ័យនោះ រួមចំណែកធ្វើឲ្យវប្បធម៌នេះកើតឡើង ហើយស្ថិតស្ថេរ ឬបាត់បង់ ក៏អាស្រ័យដោយបរិស្ថាននោះដែរ។
អត្ថបទដោយ៖ អាន រស្មី
ចំណាប់អារម្មណ៍របស់អ្នក
សូមបង្ហាញចំណាប់អារម្មណ៍របស់អ្នកបន្ទាប់ពីអានអត្ថបទខាងក្រោម